ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦»
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ ២០២៦

    នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កញ្ញា ថន ចាន់ធី តំណាងអោយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តត្បូងឃ្មុំ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «សារាចរលេខ ០២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៌ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។   

     កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ, តំណាងអគ្គនាយកដ្ឋានថវិកា និង តំណាងគ្រប់អង្គភាពថវិកាថ្នាក់កណ្ដាល នៃ កសហវ. និង មន្ទីរ សហវ. រាជធានី ខេត្ត សរុប ១៣៥ នាក់ ។

    កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួល របស់អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង និង អគ្គនាយកដ្ឋានថវិកា ក្នុងគោលដៅបន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តថវិកាឆ្នាំ២០២៦ សម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង បង្កើនគណនេយ្យភាពរបស់អង្គភាពថវិកានៃ កសហវ. តាមរយៈការបញ្ជ្រាបការយល់ដឹង ឱ្យកាន់តែទូលំទូលាយ ជូនដល់អង្គភាពថវិកានៃ កសហវ. លើ ១). លក្ខខណ្ឌ និង វិធានការចំាបាច់នានា ក្នុងការអនុវត្តចំណូល-ចំណាយថវិកាឆ្នាំ២០២៦ និង ២). ការប្រែប្រួលថ្មីនៃវិធាន និង នីតិវិធី សម្រាប់ការអនុវត្តថវិកាក្នុងឆ្នាំ២០២៦ ។

    បន្ទាប់ពីការធ្វើបទបង្ហាញអំពី «សារាចរលេខ ២១ សហវ.សរ.អថ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦» ដោយតំណាងអគ្គនាយកដ្ឋានថវិកា និង កិច្ចពិភាក្សាយ៉ាងផុសផុល, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមអំពីប្រសិទ្ធភាព និង តម្លាភាពនៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការដាក់អនុវត្ត FMIS ទាំងស្រុង ។

    ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធផ្សេងទៀត បន្តសហការ និង ពង្រឹងការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលនៅសេសសល់ក្នុងដំណាក់កាលទី ៤ នេះឱ្យកាន់តែប្រសើរ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមជាតិ ៕

ព័ត៌មានទាក់ទង